Tuesday, June 12, 2018

កីឡា៖ និយមន័យ និង ប្រភេទ

តាមរយៈប្រវត្តិសាស្ត្រ និង កត្តាជីវវិទ្យា មិនថាតែមនុស្ស ឬសត្វទេ គឺ ពួកគេសុទ្ធតែចូលចិត្ត លេង ឬបញ្ចេញសកម្មភាព ក្នុងស្ថានភាពជាកីឡាទាំងអស់ ។ រហូតដល់មានអ្នកប្រាជ្ញខ្លះបានបង្កើតជាពាក្យស្លោកថា មិនថាតែមនុស្ស ឬសត្វទេ បើសិនជាគ្មានសកម្មភាពកីឡាទេ មនុស្សឬសត្វទាំងនោះប្រហែលជាមិនអាចរស់បានឡើយ ។ បើទោះណាជាអ្នកប្រាជ្ញ ឬបុព្វបុរសជំនាន់មុន ឲ្យតម្លៃកីឡាធំធេងបែបនេះក៏ដោយ ក៏ការឲ្យនិយមន័យលើពាក្យ កីឡាមិនសូវជាសំបូរបែបឡើយ។ សម្រាប់ការបែងចែកប្រភេទកីឡាទៀតសោត ក៏មិនសូវជាសំបូរបែបដូចគ្នានឹងនិយមន័យនេះដែរ ។

ដើម្បីជាការបំពេញ នូវការខ្វះខាតនេះ ហេតុដូច្នេះហើយ មនោរម្យព័ងអាំងហ្វូ សម្រេចប្រមែប្រមូលចងក្រង ពីនិយមន័យ និងប្រភេទកីឡានេះ ឡើង សម្រាប់ទុកជាប្រយោជន៍ ដល់ជន្នានុជន្មជំនាន់ក្រោយៗទៀត បានសិក្សាស្វែងយល់ បន្តដូចខាងក្រោម៖


ក. និយមន័យ ៖ តើពាក្យ កីឡា មានន័យយ៉ាងដូចម្តេច?

១. តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត
  • ពាក្យកីឡា មានន័យថា ការលេងល្បែង ល្បែងកម្សាន្តផ្សេងៗ (រាប់ទាំងការលេងសម្រាប់ការសប្បាយ ឬការប្រកួត យកឈ្នះចាញ់) ។
២. តាមវចនានុក្រមបរទេស
  • កីឡា សំដៅដល់អ្វីមួយដែលមនុស្សអាចស្វែងរកនិងអាចជួបការសប្បាយរីករាយ ឬការកំសាន្ត ។
  • តាម អ្នកនិពន្ធ ហ្វីត ហ្វីលឌីង និង មីលរ លោកបានពន្យល់ថា កីឡា គឺជាសកម្មភាព បទពិសោធន៍ ឬសហគ្រាស ពាណិជ្ជកម្មណាមួយដែលបានយកចិត្តទុកដាក់លើភាពសមសួននៃរាងកាយ អ្វីៗដែលធ្វើឲ្យសប្បាយ ពលិកនិយម ឬការកំសាន្ត ។
  • កីឡាសំដៅដល់រាល់ទម្រង់ទាំងឡាយនៃសកម្មភាពរាងកាយដែលជួយឲ្យមាន រាងកាយសមសួន (កាយសម្បទា ដំណើរការល្អ) ដំណើរល្អខាងសតិប្រាជ្ញា និង ទំនាក់ទំនងល្អផ្នែកសង្គម ។ទម្រង់សកម្មភាពទាំងនោះរួមមាន៖ ឧប្បត្តិហេតុនៃការលេងកម្សាន្ត អ្វីៗដែលអាចធ្វើឲ្យមានភាពសប្បាយរីករាយ ការធ្វើឲ្យមានរៀបវិន័យ ឬឲ្យមានការ ប្រកួតប្រជែង និង កីឡាដែលកើតក្នុងស្រុក ឬ ល្បែងកីឡាជាដើម ។

ខ. ប្រភេទ៖ តើគេចែកកីឡាជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

តាមឯកសារបរទេស កីឡាត្រូវបានគេចែកជា ៤ ប្រភេទធំៗដូចខាងក្រោម៖
១. ប្រភេទកីឡាប្រណាំង ឬវាស់ស្ទង់កម្រិតល្បឿន
  • កីឡាថាមពលរាងកាយមនុស្ស៖ ការរត់ប្រណាំង ការហែលទឹកប្រណាំង
  • កីឡាជំនួយពីរាងកាយមនុស្ស៖ ការជិះកង់ប្រណាំង ការអុំទូកប្រណាំង ការចែវទូកប្រណាំង
  • កីឡាថាមពលសត្វព្វាហនៈ៖ ការប្រណាំងគោ ការប្រណាំងសេះ ការប្រណាំងក្របី ការប្រណាំងដំរី ការប្រណាំងឆ្កែ ការប្រណាំងព្រាប ។
  • កីឡាថាមពលគ្រឿងម៉ាស៊ីន៖ ការប្រណាំងឡាន ការប្រណាំងកាណូត ការប្រណាំងទោចក្រយានយន្ត ។
២. ការប្រកួតប្រជែងកម្លាំង កលល្បិច ឬបច្ចេកទេសនៃការប្រើកម្លាំង
  • កីឡាយុទ្ធសិល្ប៍៖ ល្បុក្កតោ ក្រពីហា ស្រងែពេន ក្របីលាក់កូន ខ្លាក្រាប បោកចំបាប់ ប្រដាល់សេរី ប្រដាល់សកល អៃគីដូ តេក្វាន់ដូ ថៃជិ យ៉ុងឈុន យូដូ ការ៉ាត់តេដូ ការកាប់ដាវ ។
  • កីឡាប្រើទីលាន៖ វាយសី វាយសីលើតុ ល្បែងសី សីដក់ សីមេលោង បាល់ទះ បោះឡូ បោះប៊ូល (ប៉េតង់)
  • កីឡាជាក្រុម៖ បាល់បោះ បាល់ទាត់ បាល់ឱប ហ៊ឹង វាយកូនគោល ល្បែងវាយកូនគោលលើទឹកកក
៣. ការកំណត់យកគោលដៅ ឬគោលបំណង
  • កីឡាគោលដៅ៖ កីឡាបាញ់ធ្នូរ កីឡាបាញ់កាំភ្លើង កីឡាបាញ់ព្រួញ
  • កីឡាការបង្ហាញ៖ កីឡាអត្តពលកម្ម កីឡាមុជទឹក ការលោតស្គី ការរត់លើទឹកកក
  • កីឡាភាពរឹងមាំ៖ ការសម្រកទម្ងន់
  • កីឡាគិតចម្ងាយ៖ លោតចម្ងាយ លោតកម្ពស់ ការលោតកម្ពស់ត្រីគុណ ចោលដុំដែក បាញ់ព្រួញ បាញ់ធ្នូ បាញ់កាំភ្លើង ចោលញញួរ ។
  • កីឡាបទពិន័យចម្រុះ៖ អត្តពលកម្មស្ត្រីឆ្លងកាត់ ៧ដំណាក់កាល អត្តពលកម្មបុរសឆ្លងកាត់ ១០ដំណាក់កាល អត្តពលកម្ម៥ដំណាក់កាល អត្តពលកម្មឆ្លងកាត់៣ដំណាក់កាលគឺ ហែលទឹក ជិះកង់ និង រត់, កីឡាជិះស្គីនិង បាញ់កាំភ្លើង បុរសដែកថែប ។
៤. កីឡាដែលមានប្រភេទចម្រុះ
  • កីឡាបាល់ទាត់ (ប្រើជើង និង ល្បឿនជើង)
  • កីឡាវាយកូនបាល់ឆ្លងគំនូស មាន៨ ទៅ ១០នាក់ (ប្រើជំនាញភ្នែកនិងដៃ)
  • កីឡាបាល់បោះ (ភាពប៉ិនប្រសប់រហ័សរហួន)កីឡាវាយកូនបាល់នៅលើទីលានឆ្លងសំណាញ់ មានគ្នា ២ ទៅ ៤នាក់ (ចលនាស្មា) បាល់បោះ (ភាពរហ័សរហួន)
  • អត្តពលកម្ម (រត់ លោត ចោល) (ការសម្របសម្រួល និង បច្ចេកទេស)
  • កីឡារត់ចម្ងាយ ( ៣ទៅ ៤២គម) អំណត់
អ្វីៗដែលលោកអ្នកត្រូវការយកឈ្នះ នៅក្នុងកីឡាណាមួយ គឺជាសេចក្តីប្រាថ្នាខាងជ័យជំនះ ភាពសមសួនខាងរាងកាយ ភាពអំណត់ និងការតស៊ូជាប្រចាំ ។ បញ្ហាចម្បងបំផុត គឺ ការជ្រើសរើសកីឡាមួយ ក្នុងចំណោមជម្រើស នៃប្រភេទកីឡា ជាច្រើនដែលលោកអ្នកមាន ។ សូមចាំថា តាមរយៈការលេងកីឡាប្រភេទណាមួយ គឺលោកអ្នកបានក្លាយ ជាអ្នកទទួល បានជ័យជំនះរួចទៅហើយព្រោះតែលោកអ្នកបានជ្រើសរើសរួច ។ សូមចាប់ផ្តើមហាត់ និង លេងកីឡាចាប់ពីពេលនេះ ទៅទាំងអស់គ្នា ។

No comments:

Post a Comment