
ថ្នាក់ដឹកនាំក្រុមហ៊ុន Apple បានប្រកាសថា ក្រុមហ៊ុនខ្លួន ជានិច្ចជាកាល តែងតែការពារទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ មិនយកទិន្នន័យទាំងនោះ ទៅលក់បន្តដើម្បីយកប្រាក់ ដូចក្រុមហ៊ុនដទៃឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនApple នឹងព្យាយាមបន្ថែមទៀត ដើម្បីទប់ កុំឲ្យមេរោគ ឬកម្មវិធីនានា ចូលមកបន្លំលួចទិន្នន័យ របស់អ្នកប្រើប្រាស់ផលិតផលApple បាន។ ការប្រកាសខាងលើនេះ គឺApple ចង់ចំអកឲ្យក្រុមហ៊ុន Facebook ដែលថ្មីៗនេះ កំពុងរងការចោទប្រកាន់ ថាបានបណ្តោយឲ្យបែកធ្លាយ ទិន្នន័យរបស់អ្នកប្រើប្រាស់ និងយកទិន្ន័យទាំងនោះទៅលក់បន្តជាដើម។
នៅក្នុងឱកាសសន្និសីទប្រចាំឆ្នាំ នៃក្រុមអ្នកផលិតកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅឯតំបន់ Silicon Valley ក្រុមហ៊ុនApple បានយកវេទិកានេះ ផ្សព្វផ្សាយអំពីបច្ចេកវិទ្យាថ្មីរបស់ខ្លួន ហើយព្រមជាមួយគ្នានេះដែរ ក៏បានឆ្លៀត ចំអកផ្លែផ្កា ដាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនទៀត ដូចជា Facebook ជាដើម។
លោក Craig Federighi អគ្គនាយករង Apple បានលើកឡើង ក្នុងឱកាសនោះថា ទិន្នន័យឯកជនផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ម្នាក់ៗ គឺត្រូវតែស្ថិតនៅក្នុងភាពឯកជន។ ដូច្នេះយើងត្រូវតែគ្រប់គ្រង ថាអ្នកណាអាចឃើញ ឬអាចមើលទិន្នន័យទាំងនោះបាន។ តំណាង Apple រូបនេះឆ្លៀតបន្ថែមថា ក្រុមហ៊ុនយក្ស ដែលគ្រប់គ្រងបច្ចេកវិទ្យាលើអ៊ីនធ័រនែតខ្លះ បានកេងចំណេញលើបញ្ហានេះ ដោយគ្មានគោរពអ្នកប្រើប្រាស់ទាល់តែសោះ។
នៅចំពោះមុខអ្នកស្តាប់ ប្រមាណ៦ពាន់នាក់ លោក Craig Federighi បានបញ្ជាក់ថា៖ cookies ប៊ូតុចចុច Like ឬ Share នៅលើបណ្តាញសង្គម ឬគេហទំព័រនានា គឺជាប្រភពនៃការបើកទ្វារចំហ ទិន្នន័យរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Apple នឹងទប់ស្កាត់បញ្ហានេះឲ្យបាន សម្រាប់អ្នកប្រើប្រាស់ផលិតផលរបស់Apple។ លោកពន្យល់ថា cookiesដែលដោយជាមួយនឹងកម្មវិធីទូរស័ព្ទ ឬគេហទំព័រនានា គឺជាមធ្យោបាយ ដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្លះ តាមដានការប្រើប្រាស់អ៊ីនធ័រនែត របស់អ្នកមនុស្សម្នាក់ៗ ហើយបន្ទាប់មកទៀត គេប្រមូលទិន្នន័យទាំងនោះ យកទៅលក់បន្ត ដើម្បីធ្វើការសំរុកផ្សាយពាណិជ្ជកម្ម សំដៅមកអូសទាញអ្នកប្រើប្រាស់នោះវិញ។
ក្រោយការប្រកាសរបស់Apple ថាមានគំរោងទប់ស្កាត់ កុំឲ្យ cookies ចូលតាមដានទិន្នន័យប្រើប្រាស់នេះ ទស្សនាវត្តី Wired បានសរសេរថា Apple កំពុងតែធ្វើ Safari ឲ្យក្លាយជាអ្នកប្រឆាំងនឹងFacebook។ សម្រាប់អ្នកប្រើ Safari ដើម្បីរុករកអ្វីមួយលើអ៊ីនធ័រនែត នៅពេលណាដែល cookies ឬកម្មវិធី (Applications) ណាមួយ ចង់ចូលមកច្បាមយកទិន្នន័យឯកជន នោះSafari នឹងផ្តល់សញ្ញាឲ្យអ្នកប្រើប្រាស់ ដើម្បីរារាំងកុំឲ្យវាចូលមកលួចទិន្នន័យបាន។
គួរកត់សំគាល់ថា នេះមិនមែនជាលើកទីមួយទេ ដែល Apple ចំអក ផ្លែផ្កាដាក់ Facebook ឬក៏ Google ទាក់ទិននឹងការមិនការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់នេះ។ ជាក់ស្តែង កាលពីខែមីនាកន្លងទៅ ក្រោយផ្ទុះរឿងរ៉ាវ ដែលFacebook បណ្តោយឲ្យក្រុមហ៊ុន Cambridge Analytica ចូលមកប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ លោក Tim Cook អគ្គនាយក Apple បាននិយាយថា គ្មានថ្ងៃ ដែលApple ធ្វើរឿងបែបអញ្ចឹងទេ។ លោកបន្ថែម បើក្រុមហ៊ុនលោក ចង់រកស៊ីលើខ្នងអ្នកប្រើប្រាស់ ចង់កើបលុយតាមរយៈទង្វើនេះ គឺវាជារឿងងាយស្រួលណាស់ ក៏ប៉ុន្តែ Apple មិនអាចក្បត់អតិថិជន ដែលប្រើប្រាស់ផលិតផលApple បានទេ៕
No comments:
Post a Comment